Sunday, September 2, 2012

ដេកច្រើន ឬ តិចពេកប្រឈមនឹងជំងឺទឹកនោមផ្អែម

Written by ភ្នំពេញដេលីញូវ
ការសិក្សាមួយអំពីផលប៉ះពាល់ចំពោះ សុខភាពតាមរយៈការដេកច្រើន ពេក ដែលបានធ្វើការសិក្សាទៅលើជនជាតិ អាមេរិកាំងជិត៩.០០០ នាក់ គេ បានរកឃើញថា អ្នកដែលដេកលើសពី ៩ ម៉ោង ក្នុងមួយយប់នឹងប្រឈម ចំពោះការកើតជំងឺទឹកនោមផ្អែមកើនឡើងពីរដងបើប្រៀបធៀបទៅនឹងអ្នកដែល ដេកមួយយប់ ៧ ម៉ោង ។ ថ្វីបើគេនៅមិនទាន់អាចធ្វើការសន្និដ្ឋានបានថា ការដេកច្រើនពេកអាចនាំឱ្យកើតជំងឺទឹកនោមផ្អែមក៏ដោយ ប៉ុន្តែការសិក្សា នេះក៏បានណែនាំថា ការដេកលើសពី ៩ ម៉ោង ក្នុងមួយយប់ជាប្រចាំអាច ជាសញ្ញាមិនល្អមួយនៃបញ្ហាសុខភាព ។ ដោយការប្រឈមចំពោះការកើតជំងឺទឹកនោមផ្អែមមិនមែនកើតតែទៅ លើអ្នកដែលដេកច្រើនប៉ុណ្ណោះទេ ។ ដោយឡែកអ្នកដែលដេកតិចជាង ៥ ម៉ោង ក្នុងមួយថ្ងៃក៏អាចប្រឈមទៅនឹងការកើតជំងឺទឹកនោមផ្អែមក្នុងកម្រិតតែ មួយ ។
ដូច្នេះហើយបានជាក្រុមអ្នកស្រាវជ្រាវធ្វើការព្រមានថា ពេលម៉ោង សម្រាប់ដេកដែលតិចពេក ឬ រយៈពេលដេកខុសប្រក្រតីគឺសុទ្ធតែជាដើមចម បង្កឱ្យកើតរោគបានក្នុងរយៈពេលវែង និង ធ្ងន់ធ្ងរ ដូចជា ជំងឺទឹកនោមផ្អែម ជំងឺបេះដូង និង រោគធាត់ ជាដើម ។ យ៉ាងណាក៏ដោយ ការដេកតិច ឬ ច្រើនពេកវាមិនគ្រាន់តែធ្វើឱ្យប្រឈម ជំងឺទឹកនោមផ្អែមប៉ុណ្ណោះទេ ប៉ុន្តែវាបង្កផលប៉ះពាល់ដល់សុខភាពផ្សេងៗជា ច្រើនទៀត ដូចជា លើសឈាម រោគធាត់ រោគស្ត្រេស រោគធ្លាក់ទឹកចិត្ត (ស្រងូតស្រងាត់) រោគទាក់ទងទៅនឹងបេះដូង រោគសរសៃឈាម និង រោគ បាត់បង់ការចងចាំ ដោយសារតែការដេកមិនបានគ្រប់គ្រាន់នេះ ៕
 វិធីសាស្ត្រ បង្ការជំងឺ ទឹកនោមផ្អែម
ការលើកកម្ពស់ការយល់ដឹង នៅក្នុងចំណោមអ្នកវិជ្ជាជីវៈ និងសាធារណជនអំពី កត្ដាហានិភ័យនិង រោគសញ្ញារបស់ទឹកនោមផ្អែម ជាជំហានដ៏មានសារសំខាន់ ឆ្ពោះទៅរកការគ្រប់គ្រង និងការបង្ការ។ ការបង្ការទឹកនោមផ្អែម អាចបែងចែកជា ការបង្ការបឋម និងបន្ទាប់បន្សំ៖ -ការបង្ការបឋម៖ គេត្រូវរកអោយឃើញ និងការពារបុគ្គល ដែលមានហានិភ័យពីការ កើតជំងឺទឹកនោមផ្អែម។ ដូច្នេះ វាមានឥទ្ឋិពល ដោយកាត់បន្ថយ ទាំងសេចក្ដីត្រូវការ សម្រាប់ការថែទាំជំងឺ ទឹកនោមផ្អែម និងសេចក្ដីត្រូវការដើម្បី ព្យាបាលផលវិបាក ដែលទាក់ទងនឹង ជំងឺទឹកនោមផ្អែម។ ខណៈដែលមិនទាន់មាន ភស្ដុតាងរឹងមាំនៅឡើយ ដែលបង្ហាញថាទឹកនោមផ្អែម ប្រភេទមួយអាចការពារ បានឬអត់នោះ ការបង្ការបឋមចំពោះ ទឹកនោមផ្អែមប្រភេទពីរ គឺមានលទ្ឋភាពអាចធ្វើបាន។ ការកែប្រែរបៀប រស់នៅសំដៅសម្រក និងគ្រប់គ្រងទម្ងន់ និងបង្កើនសកម្មភាពរាង្គកាយជា គោលដៅសំខាន់ នៅក្នុងការបង្ការទឹកនោមផ្អែមប្រភេទពីរ។ ផលប្រយោជន៍នៃការ កាត់បន្ថយទម្ងន់ និងការបង្កើនសកម្មភាពរាង្គកាយ មិនមែនមានសម្រាប់តែ អ្នកទឹកនោមផ្អែមទេ វាទាំងនេះក៏មានតួនាទីមួយ កាត់បន្ថយជំងឺបេះដូង និងសម្ពាធឈាមខ្ពស់ផងដែរ។ -ការបង្ការបន្ទាប់បន្សំ៖ វាទាក់ទងនឹងការឆាប់ រកឃើញនិងការបង្ការផលវិបាក។ ដូច្នេះវាកាត់បន្ថយ តម្រូវការព្យាបាល។ ការឆាប់ ចាត់វិធានការ នៅពេលមានទឹកនោមផ្អែម នឹងផ្ដល់ប្រយោជន៍ច្រើន ចំពោះគុណភាពជីវិត និងមានប្រសិទ្ឋភាព ពិសេសនៅពេលវិធានការ នោះអាចទប់ស្កាត់ការ បញ្ជូនទៅកាន់មន្ទីរពេទ្យ។ ឥឡូវមានភស្ដុតាង ដែលថាការគ្រប់ គ្រងល្អទៅលើកម្រិតជាតិស្ករ អាចកាត់បន្ថយយ៉ាងច្រើន គួរសមចំពោះ ហានិភ័យដែលនាំអោយ កើតមានផលវិបាក និងពន្យឺតការវិវត្ដន៍ នៃជំងឺទឹកនោមផ្អែមគ្រប់ប្រភេទ។ ការគ្រប់គ្រងសម្ពាធឈាម ខ្ពស់និងការកើនឡើងជាតិខ្លាញ់ ក៏មានសារសំខាន់ ដែរ៕

No comments:

Post a Comment