Sunday, August 26, 2012

គ្រូស្នេហ៍សារិកាចារអណ្តាត

Written by ភ្នំពេញដេលីញូវ
អប្បិយជំនឿពាក់ព័ន្ធទៅនឹង មន្តអាគមឧមអាមស្នេហ៍ស្និទ្ធ​​​ បានកើតមាននៅក្នុងផ្នត់គំនិត​ របស់ខ្មែរយើងតាំងពីយូរ លង់ណាស់មកហើយ ហើយ កំពុងតែដក់ជាប់នៅក្នុងផ្នត់ គំនិត និង មានជំនឿយ៉ាងមុតមាំនៅឡើយ ។ រហូតមកដល់សម័យបច្ចុប្បន្ននេះការជឿទៅលើអាគមគាថា ស្រោចទឹក ធ្វើខ្សែ ចង្កេះ ដាក់ស្នេហ៍សារិកាចារបន្ទន់​ចិត្តឱ្យអ្នកផងអាណិតស្រឡាញ់ ចូលចិត្តនៅតែទទួលការពេញនិយមនៅឡើយ ។ ទន្ទឹមនឹងនេះដែរ គ្រូ ស្នេហ៍ដែល​ ល្បីថាមានបារមីកាន់ខ្នងរងមុខម្នាក់ពូកែខាងទស្សន៍ទាយ ដោះអំពើ ធ្វើខ្សែគាថាស្រោចទឹកលើករាសី ល្បីខាងចារស្នេហ៍ សារិកាលិនថោង ម្នាក់ត្រូវបានមនុស្សម្នាចេញចូលទៅពឹងពាក់ មិនដាច់ ជាពិសេសស្រីៗនាំគ្នាចូលទៅឱ្យលោកគ្រូចារ មន្តស្នេហ៍សារិកាលើអណ្តាត ដើម្បីទាក់ទាញអន្ទង ចិត្តស្វាមី ឬ ប្រុសស្នេហ៍កុំឱ្យមានចិត្តបែកបែរ ។
ជារៀងរាល់ថ្ងៃ មិនថាថ្ងៃបុណ្យ ថ្ងៃឈប់ សម្រាក ឬ ថ្ងៃចុងសប្តាហ៍នោះទេ គេ តែងសង្កេតឃើញមនុស្សម្នា ក្មេងចាស់ជាពិសេសស្រីៗនាំគ្នាចូលទៅកាន់លំនៅស្ថានតូចល្មមមួយដែល អ្នកផងស្គាល់ថា “សាលាធម្មសង្គ្រោះ ប្រជុំចន្ទបុរីវង្ស”ដែលស្ថិតនៅក្នុងភូមិដួង សង្កាត់ព្រែកព្នៅ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដើម្បីរង់ចាំទទួល ការទស្សន៍ទាយស្រោចទឹកដំឡើងរាសី ហើយអ្វីដែល ពិសេសនោះគឺរង់ចាំឱ្យគ្រូចារស្នេហ៍ដាក់លើផ្ទៃមុខ ថ្ងាស និង អណ្តាតដើម្បីទាក់ទាញឱ្យគេអាណិត ស្រឡាញ់ និយាយស្តីអ្វីឱ្យគេចូលចិត្ត និង ធ្វើតាម ព្រមទាំងចងចិត្តស្វាមី ឬ ប្រុសកំណាន់ជាដើម។ នៅក្នុងចំណោមអ្នកដែលទៅពឹងពាក់រក លោកតាបារមីសច្ចំឱ្យជួយនោះ មានស្ត្រីវ័យក្មេង ម្នាក់ឈ្មោះ នីរា អាយុ ២៥ ឆ្នាំ ជាអាជីវករលក់ដូរ នៅផ្សារឧដុង្គ ខេត្តកំពង់ស្ពឺ បានប្រាប់ឱ្យដឹងថា នាង បានមករកលោកតា​ ចំនួនបួនដងរួចមកហើយ ដោយ មកលើកទីមួយ ឱ្យលោកតាទស្សន៍ទាយ ប្រសិទ្ធី របស់របរយកទៅរកស៊ី ដល់មកលើកទីពីរ សុំឱ្យ លោកតាជួយចារសារិកាលិនថោងដាក់លើអណ្តាត ដើម្បីនិយាយទៅឱ្យភ្ញៀវចូលចិត្តអាណិតស្រឡាញ់ និង លើកទីបី ទីបួន នេះ នាងមករកលោកតាជួយ ទស្សន៍ទាយពីជោគរាសីអនាគតគូស្រករ ដែល កាលពីមុនយល់ចិត្តថ្លើម គ្នាល្អបែរជាមានគំនិតចង់ ដោះដៃទៅមានស្រីថ្មី ។ ជាមួយគ្នានោះដែរនារីម្នាក់ទៀតបាននិយាយ ថា នាងឈ្មោះ ណារី អាយុ ២៧ ឆ្នាំ ស្នាក់នៅខណ្ឌ ទួលគោក រាជធានីភ្នំពេញ មានមុខរបរជាអ្នកលក់ ស្រាបៀរប្រាប់ឱ្យដឹងថា មុនដំបូងនាងពុំដែលមាន ជំនឿលើគ្រូហ្មអីទេ ។ ក្រោយមកដោយសារលក់មិនសូវដាច់បានទទួលចំណូលតិចទៅៗស្ទើរតែ មិនរស់នោះ ទើបនាងប្រថុយមកជាមួយមិត្តភក្តិ ស្រាប់តែលក់ដាច់ ភ្ញៀវចូលចិត្តពិសាស្រាបៀររបស់ នាង និង បានប្រាក់ធីបច្រើនទៀតផង ដូច្នេះហើយ ទើបនាងឧស្សាហ៍មកឱ្យលោកតាប្រសិទ្ធីដាស់ជា ប្រចាំ ឱ្យតែវេលាថ្ងៃសីល ឬ ពេញបូណ៌មី ។ នាង ក៏បាន បង្ហើបប្រាប់ឱ្យដឹងដែរថា វិធីបញ្ចុះស្នេហ៍របស់ លោកគ្រូ វន គឺយកដើមធូបកូរក្នុងដន្លាប់ក្រមួន រួចយកមកចារលើផ្ទៃមុខ ថ្ងាស និង អណ្តាត ព្រម ទាំងប្រេង ម្សៅ ជាដើម ។ ចំណែកស្ត្រីវ័យចំណាស់ម្នាក់មកពីរាជធានីភ្នំពេញដែរ ឈ្មោះ អ៊ីម អាយុ ៤៨ ឆ្នាំ បានប្រាប់ឱ្យ ដឹងដែរថា នៅឆ្នាំ ២០០៨ ប្តីគាត់ចេញទៅប្រកប មុខរបរបើករថយន្តតាក់ស៊ីពីភ្នំពេញទៅបាត់ដំបង ។ ដល់បើកយូរទៅមិនសូវបានប្រាក់ ពុំសូវចូលផ្ទះ ទូរ- ស័ព្ទក៏មិនសូវចូលដូចសព្វដង គាត់តាមរកដល់ចំ- ណតរថយន្តផ្សារថ្មីដើម្បីរកប្តី ។ ពេលសួរអ្នកបើករថយន្តតាក់ស៊ីរត់ផ្លូវជាមួយគ្នាគេប្រាប់ថា ប្តីមានស្រីនៅបាត់ដំបង គាត់ក៏ឱ្យបងប្អូនរកគ្រូពូកែ ដើម្បីឱ្យជួយបំបែកបំបែរបង្វែរចិត្តពីស្រីនោះមកជួបជុំប្រពន្ធកូនវិញ ។ ទទួលគាប់ជួនមានស្ត្រីម្នាក់ផ្ទះជិតខាង បងប្អូនគាត់ម្តុំផ្សារអូរឫស្សីដែល ធ្លាប់ប្តីមានស្រីដែរប្រាប់ គាត់ក៏ប្រញ្ញាប់ឱ្យក្មួយឌុបម៉ូតូមករកលោកតាតែ ម្តងទៅ ។ នៅពេលនោះលោកតាឱ្យរកទិញដន្លាប់ក្រមួន ប្រេងម្សៅ រួច សូត្រផ្លុំគាថាដាក់របស់របរទាំងនោះ និង ទូរស័ព្ទ ហើយគ្រាន់តែប្រាប់ថាត្រឡប់ទៅផ្ទះវិញចុះ ។ ដល់ពេលត្រឡប់មកដល់ផ្ទះវិញគាត់ក៏យកក្រមួន ទឹកអប់ ប្រេង ម្សៅ បាញ់លាបខ្លួនប្រាណឱ្យបានស្អាត រួចក៏ទូរស័ព្ទហៅប្តី តាមសម្តីលោកតា ។ កាលនោះគ្រាន់តែទូរស័ព្ទជួបបានមួយសប្តាហ៍ ស្រាប់តែឃើញប្តីត្រឡប់មកផ្ទះវិញ ហើយសុំជានារួមរស់ជាមួយគ្នាជាប្តីប្រពន្ធ សាជាថ្មី ។ ឆ្លៀតពេលទំនេរបន្ទាប់ពីអាហារថ្ងៃត្រង់រួច លោកគ្រូ ហង្ស សាវន ហៅ វន អាយុហុកសិបមួយឆ្នាំ ដែលអះអាងថា ស្នងបារមីសច្ចំភ្នំត្បែងមានជ័យ បានតំណាលប្រាប់ ឱ្យដឹងថា ក្រោយពីប្រទេសបានរំដោះនាឆ្នាំ ១៩៧៩ ដោយ​មានការធុញថប់នឹងជីវិតបែកបាក់គ្រួសារ មករស់នៅស្រុកគេឯខេត្តក្រចេះ និង ធុញថប់ការរស់នៅជាមនុស្សនោះ ពួកគាត់ទាំងប្រាំនាក់សុទ្ធតែ ប្រុសៗបាននាំគ្នាធ្វើដំណើរថ្មើរជើងតាមដងព្រៃភ្នំក្រំថ្មអស់រយៈពេលប្រាំបួនខែពីខេត្ត​ ក្រចេះ កំពង់ធំ ទៅសៀមរាប (ភ្នំគូលែន) រហូតដល់ព្រះវិហារឡើងភ្នំត្បែងមានជ័យស្វែងរកអ្នកពិត (អ្នកសច្ចំ) ដើម្បី បានបួសរៀន តាមផ្លូវបារមី ។ លោកគ្រូបានបន្តឱ្យដឹងទៀតថា កាលណោះដោយនៅរង់ចាំអស់រយៈ ពេលមួយខែពុំបានជួបសោះពួកគាត់ក៏សួរអ្នកស្រុករកផ្លូវទៅកាន់ជ្រោះមរណៈ ឬ ជ្រោះមិនត្រឡប់ ។ បន្ទាប់ពីអ្នកស្រុក ចង្អុលប្រាប់ទិសហើយពួកគាត់ក៏ធ្វើដំណើរទៅរកមាត់ជ្រោះ តោងវល្លិចុះទៅក្រោម រហូតដល់បាតជ្រោះ រួចក៏នាំគ្នា ដេកចាំទីនោះអស់រយៈពេលមួយសប្តាហ៍ក៏ស្រាប់តែថ្ងៃមួយវេលា ម៉ោងប្រាំបីព្រឹក លេចព្រះសង្ឃវ័យចំណាស់ មួយអង្គព្រះជន្មកៅសិបព្រះវស្សា សួរមកកាន់ពួកគាត់ថា “ពួកចៅទាំងអស់មករកអ្វីនៅទីកន្លែងនេះ ?” ពេលនោះពួកគាត់ក៏ឆ្លើយថា“មករកអ្នកពិតដើម្បីបួស រៀន” ។ ភ្លាមនោះព្រះអង្គក៏ចាប់ដៃពួកគាត់មើលម្នាក់ ម្តងៗរហូតដល់នៅសល់ពីរនាក់ចុងក្រោយ ដោយ ទាំងរូបគាត់ផងព្រះអង្គក៏មានសង្ឃដីកាថា “ចៅទាំងពីរមាន និស្ស័យអាចជួយសង្គ្រោះមនុស្សលោក បាន ហើយនៅពេលត្រឡប់ទៅវិញកុំធ្វើការរាជការឱ្យសោះ” ។ គ្រាន់តែមានសង្ឃដីការួចព្រះកាយ ព្រះអង្គក៏រលាយបាត់ភ្លាមមួយួរំពេច ហើយពួកគាត់ក៏ត្រឡប់មកស្រុក កំណើតរៀងៗខ្លួន ។ លោកតាបានបន្តឱ្យដឹងទៀតថា នៅពេលមកដល់ស្រុកកំណើត ភូមិអកយំ ឃុំក្រាំងចេក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ធ្វើស្រែបានមួយឆ្នាំ កន្លះ ដល់ឆ្នាំ ១៩៨១ គាត់ក៏ធ្លាក់ខ្លួនឈឺឥតមូលហេតុ ហើយយប់ ឡើងចេះតែឮសូរសំឡេង ព្រះសង្ឃអង្គនោះមានសង្ឃដីកាថា “ដល់ ពេលវេលាហើយ ចេញប្រោសសត្វទៅ” ។ គ្រានោះគាត់ឆ្លើយតប វិញថា “ខ្ញុំព្រះករុណាឥតចេះអីអ៊ីចឹង ឱ្យទៅប្រោសសត្វយ៉ាងម៉េចបាន ទៅ ?” ។ លោកក៏មានសង្ឃដីកាប្រាប់ទៀតថា “ អត់អីទេ ដល់ពេលវេលាគង់តែចេះទេ តែឱ្យតែកូនឯងធ្វើចិត្តសច្ចៈទៀងត្រង់ អំណត់ អត់ធន់បាន គឺកូនឯងនឹងចេះវិជ្ជា សង្គ្រោះមនុស្សហើយ” ។ តឿនគ្រប់ បីយប់គាត់ពុំព្រមក៏ជួបអព្ភូតហេតុចម្លែក ដូចជាកូនប្រុសគាត់រត់លេង នៅទីធ្លាសុខៗឥតមានប៉ះញរអ្វីផងស្រាប់តែដួលបាក់កណ្តាលស្មងជើង រីឯគាត់កាប់ឈើរស់វាត់ត្រូវភ្នែក និង ទៅភ្ជួរស្រែយករំញត់វាយគោ តិចៗសោះស្រាប់តែមានឈាមហូរចេញពីខ្លួនគោឡើងក្រហមច្រាល ។ ដល់ប្រពន្ធគាត់ឃើញបែបនេះក៏ឱ្យគាត់ចេញពីផ្ទះទៅតាមបារមីសច្ចំបានប្រាប់ ។ លោកតាបានបន្ថែមឱ្យដឹងទៀតថា មុនដំបូងគាត់ចេញទៅសិក្សា នៅភូមិរំញត់ជ្រូក ឃុំក្រាំងចេក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ រួចចេញទៅ រៀនជាមួយគ្រូនៅកម្ពុជាក្រោមបីខែ ត្រឡប់មកវិញនៅភូមិក្រាំង សុវណ្ណ នៅខាងលិចភ្នំឧដុង្គ ទើបនៅឆ្នាំ ១៩៩៨ គាត់មកនៅអាស្រម សាលាធម្មសង្គ្រោះប្រជុំចន្ទបុរីវង្ស ។ លោកតាបានបញ្ជាក់ទៀតថា ការជួយសង្គ្រោះដល់អ្នកមាន ទុក្ខភ័យអាសន្នអន្ធក្រ គាត់គ្មានអ្វីក្រៅពីគុណ ធម៌នោះទេ និង ពុំបាន បង្គាប់រាប់ជាទាមទារយកផលអ្វីជាធំនោះឡើយ ហើយប្រសិនបើមាន ទុក្ខភ័យអ្វីសូមមក ចុះលោកគ្រូនឹងជួយឱ្យអស់ពីសមត្ថភាពជាពិសេស សម្រាប់អ្នកដែលមានស្វាមីមានស្រីញ្ញីធ្វើបាបចិត្តកាយ បំផ្លាញទ្រព្យ សម្បត្តិ ធ្វើឱ្យក្រុមគ្រួសារជួបទុក្ខវេទនា ហើយក្បួនសារិកាលិនថោង ចារស្នេហ៍លើផ្ទៃមុខ និង អណ្តាតនេះមានប្រសិទ្ធភាពណាស់ ដែល មានតាំងពីសម័យបុរាណមកម៉្លេះ ៕

1 comment:

  1. សង្កាត់ព្រែកព្នៅ មិនមែននៅក្នុងខ័ណ្ឌសែនសុខទេ។ សង្កាត់ព្រែកព្នៅ ខ័ណ្ឌឬស្សីកែវ

    ReplyDelete