Written by ភ្នំពេញដេលីញូវ
បើទោះបីខ្មែរយើងគោរពបូជា ព្រះពុទ្ធសាសនាក្តីក៏នៅតាមទី អារាមក៏ដូចជាតាមភ្នំនានា រមែងមានខ្ទមអារុក្ខអារក្ខ អ្នកតា ម្ចាស់ទឹកដីព្រៃភ្នំ ដែលជាទូទៅត្រូវបានហៅ ថាទសបារមី ដែលថែរក្សាទីតាំងនោះដែរ ។ វត្ថុអរូបីទាំងនោះ ក៏បានក្លាយទៅជាទីសក្ការៈ បន់ស្រន់ និង ជាទីស្បថស្បែ ដើម្បីបង្ហាញ នូវភាពស្មោះត្រង់យុត្តិធម៌ផងដែរ ។ នៅឯ វត្តភ្នំខ្លែងឯណោះ នាប៉ុន្មានឆ្នាំចុងក្រោយនេះ បន្ទាប់ពីទសបារមីថែរក្សាភ្នំសម្តែងឫទ្ធិចំពោះ អ្នកស្បថបំពានជាហូរហែមកនោះ អ្នកគ្រប់ គ្រងហាមមិន ឱ្យមានការស្បថបំពានទេ ព្រោះ ខ្លាចក្រែងមានគ្រោះថ្នាក់ដល់អាយុជីវិត ។
ភ្នំខ្លែងគឺជាទីអារាមមួយដែលស្ថិត នៅលើកូនភ្នំមួយនៅក្នុងឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ ដែលកាលពី ដើមឡើយនៅតំបន់កូន ភ្នំនេះមានទឹកល្ហល្ហាចព័ទ្ធជុំវិញ ហើយសម្បូរទៅ ដោយរុក្ខជាតិព្រៃព្រឹក្សាដុះប្រជ្រៀតគ្នា ក្លាយជាទីជម្រករបស់ពពួកសត្វព្រៃគ្រប់ប្រភេទ ជាពិសេស សត្វខ្លែងតែងនាំគ្នាមកកាច់សម្បុកពង កើតជា កូនពូនជា ចៅពាសពេញភ្នំ ហើយចំណេរកាល តៗមកក៏ជាប់ឈ្មោះថា“ភ្នំខ្លែង”រហូតមក ។
តាំងពីបុរាណមកម៉្លេះនៅលើភ្នំខ្លែងនេះមាន ទសបារមីខ្លាំងពូកែណាស់ និង មានលោកយាយ រំដួល ដែលជាម្ចាស់ថែរក្សាភ្នំនេះ ពុំដែលមាន នរណាម្នាក់ហ៊ានបំពានដាច់ខាត ហើយឱ្យតែមាន ទុក្ខភ័យអ្វីមួយកើតឡើង អ្នកស្រុកភូមិរមែងនាំ គ្នាអុជធូបបន់ស្រន់បួងសួង និង បានជោគជ័យ សម្រេចដូចក្តីប្រាថ្នាគ្រប់ពេលវេលាឱ្យតែជាអំពើ សុចរិតទៀងត្រង់ ប៉ុន្តែដាច់ខាតមិនត្រូវមានគំនិត អាក្រក់ស្បថបំពាននោះទេ ព្រោះស័ក្តិសិទ្ធិ និង ទាន់ហន់ណាស់ ។
លោកតា ទុំ ធឿង អាយុ ៧១ ឆ្នាំ ជា អាចារ្យគ្រប់គ្រងមើលថែនៅអាស្រមលោកយាយ រំដួល(បារមីម្ចាស់ភ្នំ) បានមានប្រសាសន៍ឱ្យដឹង ថា ទីអារាមមួយនេះមានកេរ្តិ៍ឈ្មោះល្បីល្បាញ ខ្លាំងណាស់ ជារៀងរាល់ថ្ងៃតែងមានប្រជាពុទ្ធ បរិស័ទឆ្ងាយជិតចូលមកបែរបន់មិនដែលដាច់ទេ និយាយរួមបន់អ្វីតែងសម្រេចហ្នឹងឱ្យតែជាអ្វីដែល ជាអំពើសុចរិត ទៀងត្រង់ ដូចជាសុំឱ្យបានចេញ ទៅរស់នៅបរទេស សុំឱ្យរកស៊ីមានបាន ឡើង បុណ្យស័ក្តិ និង ឆាប់ជាសះស្បើយពីជំងឺតម្កាត់ ផ្សេងៗ ជាដើម ។
ក្រៅអំពីជាទីសក្ការៈសម្រាប់បន់ស្រន់ ភ្នំ ខ្លែងក៏ក្លាយជាទីស្បថសច្ចា និង ហាក់បីដូចជា តុលាការដ៏យុត្តិធម៌ ថែមទៀតផង ។ នៅពេល មានរឿងក្តីអ្វីមួយដែលតុលាការកាត់ក្តីមានភាពលម្អៀង ឬ មិនដាច់ស្រេចនោះ គូភាគីទាំងសង ខាងតែងនាំគ្នាមកស្បថស្បែនៅទីនេះ សុំឱ្យ ទសបារមីដែលនៅថែរក្សាភ្នំខ្លែងធ្វើជាតុលាការមុខដែក រកយុត្តិធម៌ ឱ្យពួកគេថែមទៀតផង ។ ចំពោះអ្នកដែលមានកំហុសទោះបីបដិសេធមិន ទទួលស្គាល់កំហុស ស្បថបំពានយ៉ាងណាក៏មិន អាចលាក់បាំង និង ក្រឡាស់រួចផុតពីទោស កំហុសបានឡើយ ។ ទីបំផុតអ្នកដែលស្បថបំពាន នោះនឹងទទួលរងនូវអ្វីដែលខ្លួនបានស្បថបំពាននោះ មានដូចជា គ្រោះថ្នាក់ចរាចរ លង់ទឹក រន្ទះ បាញ់ ជាដើម តាមតែអ្វីដែលពួកគេបានស្បថ បំពាន។
ចំណែកលោកតាអាចារ្យ ប៉ែន ខាត់ ជា អ្នកនៅចាំមើលថែអាស្រមនៅលើភ្នំខ្លែងម្នាក់ ដែរនោះក៏បានមាន ប្រសាសន៍ដែរថា នៅលើភ្នំ នេះមិនអាចស្បថបំពានបាននោះឡើយ ហើយ ក៏មានបម្រាមស្បថបំពានដែរ ។ ប្រសិនបើនៅ តែបំញរបំពាននោះប្រាកដជាឃើញច្បាស់នឹង ភ្នែកយ៉ាងទាន់ហន់ភ្លាមៗមិនខាន ដូចកាលពីបី ឆ្នាំមុនមានបុរស ម្នាក់បានស្បថបំពានថា ប្រសិន បើគេបានប្រព្រឹត្តដូចការចោទប្រកាន់មែននោះ សូមឱ្យស្លាប់ដោយសាររន្ទះបាញ់ ស្រាប់តែត្រូវ រន្ទះបាញ់ ស្លាប់មែន ហើយនៅពេលសែងសព យកទៅបញ្ចុះត្រូវរន្ទះតាមបាញ់របើកក្តារមឈូស ថែមទៀត ។
លោកតាក៏បានតំណាលប្រាប់ផងដែរថា កាលពីឆ្នាំ ២០០៩ កន្លងទៅ បុរសម្នាក់មានទី លំនៅក្នុងឃុំព្រៃស្លឹក នេះដែរ ឈ្មោះ ល.ហ. អាយុជាងសាបសិបឆ្នាំ មានប្រពន្ធ និង កូនម្នាក់ បានក្បត់ចិត្តភរិយាទៅលបលួចបង្កើតចំណង ស្នេហ៍សហាយស្មន់ជាមួយនាងក្រមុំម្នាក់ឈ្មោះ ប.ជ. អាយុប្រមាណជាងម្ភៃឆ្នាំដែលរស់នៅភូមិ ក្បែរគ្នា ។ ពេលដែលសុំស្នេហ៍បុរសកំហូចនោះ បានលួងលោមថានឹងស្មោះហើយទទួលខុសត្រូវមើលថែនាង ប.ជ. អស់មួយជីវិត និង កំពុងរក វិធីលែងលះប្រពន្ធ ។ ជឿលង់សម្តីប្រុសញ្រនក៏ បង់ប្រាណរហូតមានផ្ទៃញេះចំនួនបីខែ ស្រាប់តែ ប្រុសស្នេហ៍ប្រែចិត្តក្បត់សម្តីមិនទទួលស្គាល់ រួច ប្រកែកថាមិនធ្លាប់មានទំនាក់ទំនង ព្រមទាំងមាន អីៗជាមួយនាង ប.ជ. ឡើយ ធ្វើឱ្យនាងឈឺចាប់កើតទុក្ខមិនសុខចិត្តយំឡាំប៉ាទាមទារធ្វើជាប្រពន្ធ ចុង ។ ក្រោយពីអង្វរលន់តួមិនព្រមនៅតែប្រកែក ថាមិនធ្លាប់មានទំនាក់ទំនង ហើយថែមទាំងគំរាម ប្តឹងទាមទារជំងឺចិត្តផងនោះ អស់ក្តីអំណត់នាង ប.ជ. ក៏ចេញមុខតតាំង ប៉ុន្តែមិនបានប្តឹងប្តល់ អាជ្ញាធរមានសមត្ថកិច្ច ឬ តុលាការនោះទេ គឺ បបួលមកស្បថនៅចំពោះមុខវត្ថុស័ក្តិសិទ្ធិវត្តភ្នំ ខ្លែងសុំឱ្យទសបារមីថែរក្សាភ្នំមានលោកយាយ រំដួល ជួយធ្វើជាសាក្សី ព្រមទាំងកាត់ក្តីរកយុត្តិធម៌ ។
ដោយមិនអាចប្រកែកបាន លោក ល.ហ. ក៏សុខចិត្តស្បថទាំងបំពាននៅចំពោះមុខបារមីភ្នំខ្លែង ដោយមានការចូលរួមពីសំណាក់សាច់ញាតិ ទាំងសងខាងផងដែរ ។ ល.ហ. ស្បថថា គេសុំ ស្បថដាក់ជីវិតឱ្យរន្ទះ បាញ់ស្លាប់ ប្រសិនបើគេបាន ក្បត់សន្យា និង ធ្វើឱ្យនាងមានផ្ទៃញេះ ។ ពិតជា ស័ក្តិសិទ្ធិមែន ក្រោយស្បថបានតែបីខែប៉ុណ្ណោះ ស្រាប់តែបុរស ល.ហ. ត្រូវរន្ទះបាញ់ស្លាប់មែន នៅពេលកំពុងដើរលើភ្លឺស្រែពេលមេឃកំពុងរលឹម ភ្លៀង ។ អ្វីដែលកាន់តែអស្ចារ្យ ថែមទៀតនោះ នៅពេលដែលធ្វើបុណ្យសពរួចដង្ហែយកទៅបញ្ចុះ នោះ គ្រាដែលគ្មានភ្លៀងមួយតំណក់ផងនោះ ស្រាប់តែត្រូវរន្ទះបាញ់ប៉ើងក្តារមឈូសមួយលើក ទៀត ខណៈដែលបម្រុងលើកសពបញ្ចុះ ។ ចាប់ តាំងពីគ្រានោះ មកគណៈកម្មការ អាចារ្យ ក៏បាន ចេញបម្រាមដល់អ្នកភូមិដែលមកបន់ស្រន់ស្បថ ស្បែទាំងឡាយមិនឱ្យស្បថបំពានឡើយ ព្រោះ ខ្លាចកើតនូវភាពទាន់ហន់ដូច្នេះទៀត ។
ស៊ន គ្រុយ វ័យ ៦១ ឆ្នាំ ដែលជាដូនជី សំណាក់ធម៌នៅលើភ្នំខ្លែង និង មានទីលំនៅភូមិ សិង្ហា ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ បាន មានប្រសាសន៍ប្រាប់ដែរថា តាំងតែពីបុរាណ កាលមកម៉្លេះទសបារមីនៅភ្នំខ្លែងនេះធំ និង ស័ក្តិ សិទ្ធិណាស់ ។ នាពេលរាត្រីអ្នកដែលគ្មានសច្ចៈ មិនអាចសម្រាកនៅលើភ្នំនេះបានទេ ហើយបើ និយាយខុសមាត់ខុសកក៏មិន បានដែរគឺប្រកាន់ណាស់ ។ បារមីដែលខ្លាំងពូកែជាងគេ និង ជា ម្ចាស់ភ្នំនេះគឺលោកយាយ រំដួល ដែលលោក យាយមានសត្វអាសិរ្ពិសដ៏ធំ(ប៉ុនដើមត្នោត)ជា ជំនិះ ។ អ៊ំស្រីក៏បានបន្ថែមឱ្យដឹងបន្តថា ជារៀង រាល់ថ្ងៃតែងមានអ្នកស្រុកឆ្ងាយជិតចូលមកបន់ ស្រន់មិនដែល ខានទេ ដូចជាបន់ស្រន់សុំកូន មក សុំទឹកអណ្តូងកុមារទេពយកទៅព្យាបាលរោគ សុំឱ្យជួយរកស៊ីកាក់កប សុំជួយឱ្យ បានឡើងបុណ្យ ស័ក្តិ មាសប្រាក់ មានកិត្តិយស តែងបានសម បំណងជានិច្ច គឺអ្វីក៏ដោយឱ្យតែជាអំពើសុចរិត ហើយក៏មានមន្ត្រី ក្នុងជួររដ្ឋាភិបាលមួយចំនួនតែងចូលមកបួងសួងនៅភ្នំខ្លែងនេះដែរ ។
លោកយាយ ស៊ន គ្រុយ បន្តទៀតថា ជំនិះ របស់លោកយាយ រំដួល ក៏ធ្លាប់បានបង្ហាញខ្លួន ឱ្យអ្នកដែលចូលមក តាំងខ្លួនអួតអាងដែលមក ស្នាក់នៅទីនេះឱ្យភ័យស្ទើរលស់ព្រលឹងផងដែរ ។ នៅទីនេះមានត្រណមហាមមិនឱ្យ គូជម្លោះស្បថ បំពានឡើយ ព្រោះខ្លាចក្រែងកើតហេតុមិនល្អ ដោយសារតែទីនេះបើស្បថបំពានគឺទាន់ហន់ពេក ។
ចុងក្រោយលោកតាទាំងពីរបានមានប្រសាសន៍បញ្ជាក់ថា ចាប់តាំងពីក្រោយពេលនោះ មកនៅពេល ដែលមានគូទំនាស់នាំគ្នាមកស្បថ ពួក គាត់តែងបានហាមប្រាមមិនឱ្យពួកគេស្បថឡើយ ហើយតែងតំណាលរឿង បុរសខាងលើឱ្យពួកគេ ស្តាប់ទុកជាមេរៀនផងដែរ និង តែងប្រាប់ថាបើ ស្បថបំពានប្រយ័ត្នចាញ់សម្បថ កុំចោទថាបារមី វត្តភ្នំខ្លែងកាចឱ្យសោះ ។ រហូតមកដល់សព្វថ្ងៃ នេះបារមីភ្នំខ្លែងបានក្លាយជាតុលាការមុខដែកប្រកបដោយសច្ចៈ យុត្តិធម៌ ។ ពេលនេះប្រជាពលរដ្ឋ នៅស្រុកនេះមានការជឿជាក់ខ្លាំងណាស់ ឱ្យតែ មានភ័យអាសន្ន ឬ កើតទុក្ខមិនសុខចិត្តចំពោះ រឿងអ្វីមួយ គេរមែងនាំគ្នាមកបួងសួង និង សុំ ឱ្យជួយរកយុត្តិធម៌មិនដែលខានទេ ។ ទាក់ទងទៅ នឹងការហាមមិនឱ្យស្បថ បំពាននេះ ពួកគាត់ក៏ ធ្លាប់បានសរសេរស្លាកដែរ ប៉ុន្តែនៅពេលត្រូវថ្ងៃ ខ្យល់ ភ្លៀង ក៏រលុបខូចអស់ទៅហើយ ។
បើតាមការឱ្យដឹងរបស់ប្រជាពលរដ្ឋមួយ ចំនួន និង អាចារ្យដែលរស់នៅស្រុកនោះតែង តែបន់ស្រន់ស្បថ ស្បែនៅទីនេះ ទីមួយមកពីពួក គាត់ខ្ជិលទៅរកអាជ្ញាធរដោះស្រាយ ខ្លាចគេ លម្អៀងទៅម្ខាងៗ និង ម៉្យាងទៀតពួកគាត់មិន សូវមានជំនឿលើតុលាការ ទើបនាំគ្នាមកស្បថ ស្បែនៅទីនេះជំនួសតុលាការ ៕
No comments:
Post a Comment