Written by ភ្នំពេញដេលីញូវ
កន្លងមករឿង រ៉ាវចម្លែកមួយ បានកើត ឡើងនៅក្នុងភូមិ ព្រៃឃ្មុំ ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្ត កំពត គឺមានសត្វអណ្តើកធំ ចម្លែកមួយនៅលើខ្នងមាន ចារអក្សរ បានវារ ចូលក្នុងផ្ទះ ប្រជាពលរដ្ឋក្រីក្រម្នាក់ ដែល ម្ចាស់ផ្ទះ និង អ្នកភូមិផ្អើលជឿថា អណ្តើកនេះចេះស្តាប់ភាសាមនុស្ស និង មានបារមីអ្នកសច្ចំបង់បត់ ខ្លាំងពូកែថែរក្សា ចេះព្យាបាលជំងឺមនុស្សលោក ។
ផ្ទះស្លឹកតូចរបស់គ្រួសារកសិករក្រីក្រមួយ កាលពីមុនស្ងាត់ជ្រងំពុំ សូវមានមនុស្សចេញចូលនោះ ឥឡូវនេះ បែរជាមានមនុស្សប្រុសស្រី ក្មេងចាស់ចេញចូលទៅអុជធូប ថ្វាយផ្កាផ្ញី បន់ស្រន់ សុំទឹកមន្តពីសត្វ អណ្តើកគ្រប់ៗគ្នា សម្រាប់អ្នកដែលមានជំនឿ និង បានឃើញហេតុ ចម្លែករបស់សត្វអណ្តើកមួយក្បាលដ៏ធំនេះ ។
ជ័យ បន អាយុ ៥៦ ឆ្នាំ ប្តីឈ្មោះ ពៅ រិន អាយុ ៥៤ ឆ្នាំ ដែលជាម្ចាស់ផ្ទះអណ្តើក វារចូលបាននិយាយថា កាលពីមុនគាត់មិនមានការជឿជាក់លើអប្បិយជំនឿ អព្ភូតហេតុផ្សេងៗអ្វី ទេ ក្រោយពីពួកគាត់ភ្ញាក់ពីដេកព្រលឹមស្រាងៗ ក៏ប្រទះឃើញអណ្តើកមួយក្បាលធំចម្លែកវារមក ឈប់នៅមុខផ្ទះ ពួកគាត់ទាំងពីរនាក់ប្តីប្រពន្ធមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រមទាំងឆ្ងល់ក្នុងចិត្តថា ហេតុអីបានជាអណ្តើកញ្ញីមួយក្បាលដ៏ធំនេះមកចូលផ្ទះពួកគាត់ ហើយអណ្តើកនេះមកពីណាទើប មកដល់ទីនេះ ។ ពេលនោះពួកគាត់ទាំងពីរក៏លើកអណ្តើកនោះមកដាក់លើរានក្នុងផ្ទះ រួចពួកគាត់ គិតថា បើយកទៅលក់នៅក្នុងហាងពិតជាបានប្រាក់ច្រើន ពីព្រោះអណ្តើកនេះធំគ្រាន់បើដែរ ដ្បិត ពេលនេះកំពុងតែគ្មាន ប្រាក់កាសផង ។ ក្រោយពីឮប្តីប្រពន្ធក្រីក្រទាំងពីរនិយាយគ្នាដូច្នេះ សត្វ អណ្តើកហាក់ដូចជាចេះស្តាប់មនុស្សនិយាយបានហូរទឹកភ្នែក សស្រាក់ ពេលនោះបុរសស្ត្រីពីរនាក់ ប្តីប្រពន្ធឃើញហេតុដូច្នោះបានលើកអណ្តើកនេះពិនិត្យ នៅលើស្នូកឃើញមានចារអក្សរព្រាលៗមើល ពុំសូវច្បាស់ អក្សរខ្លះក៏ច្បាស់បញ្ជាក់ពី ១៩៩៨ ។ ក្រោយមកគាត់ទាំងពីរនាក់គិតថា កុំយកទៅ លក់អី យកវាទៅព្រលែងនៅក្នុងទឹកស្រះវត្តភ្នំសរវិញ ដើម្បីឱ្យវារស់នៅក្នុងវត្តចុះ ។
ក្រោយពីឮ ពួកគាត់និយាយដូច្នេះ អណ្តើកនោះចាប់ផ្តើមហូរទឹកភ្នែកម្តងទៀត ធ្វើឱ្យពួកគាត់ទាំងពីរនាក់ប្តីប្រពន្ធ ទាំងអ្នក ជិតខាងដែលមានផ្ទះនៅក្បែរៗនោះបានឃើញហេតុអស្ចារ្យនោះមានការងឿងឆ្ងល់គ្រប់ៗគ្នា ពីទិដ្ឋភាពចម្លែក ដែលឃើញសត្វអណ្តើកមួយក្បាលនេះហាក់ដូចជាចេះស្តាប់ភាសាមនុស្ស ។
ក្រោយមកបុរសស្ត្រីពីរនាក់ប្តីប្រពន្ធក៏បានលើកពាងទឹកដាក់លើរានរួចយកអណ្តើកនោះដាក់ក្នុងពាង ហើយស្ត្រីជា ប្រពន្ធក៏ទៅវត្តភ្នំសរ ដើម្បីជម្រាបរឿងនេះប្រាប់ចាស់ៗនៅវត្ត ព្រមទាំងរកគ្រូស្នងរូប បញ្ជាន់រូបមើលផង ។ ក្រោយពីបញ្ជាន់រូប បារមីប្រាប់ថា “យើងជាដូនជីសច្ចំមួយអង្គនៅភ្នំស្រង់ យើងមកនេះដើម្បីជួយសង្គ្រោះមនុស្សលោកដែល មានឧបនិស្ស័យត្រូវ ជួយសង្គ្រោះហើយ ប៉ុន្តែមិន អាចធ្វើជាអ្នកមានធំដុំទេ គ្រាន់តែជួយឱ្យត្រឹមតែរស់ សមរម្យនឹងគេតែប៉ុណ្ណោះ សូមកុំលោភលន់ឱ្យ សោះ យើងមកជួយហើយ” ។ ក្រោយពីឮបារមី សណ្ឋិតយ៉ាងដូច្នេះ ពីរនាក់ប្តីប្រពន្ធក៏បានរៀបចំ អាសនៈមានបាយសី ទៀនធូប ផ្កាភ្ញី ទុកសម្រាប់ បងប្អូនអ្នកមានជំនឿមកយកទឹកមន្តអណ្តើកនេះ ដើម្បីព្យាបាលជំងឺ ។ ក្រោយពីដឹងហេតុការណ៍ នេះប៉ុន្មានថ្ងៃកន្លងមកនេះគេឃើញមានអ្នកជំងឺទៅ សុំទឹកមន្តពីសត្វអណ្តើកនេះទៅព្យាបាលជំងឺគ្រប់ៗគ្នា ប៉ុន្តែទឹកមន្តនោះស័ក្តិសិទ្ធិ ឬ មិនស័ក្តិសិទ្ធិគេ ពុំទាន់ដឹងលទ្ធផលនៅឡើយទេ ។
ស្ត្រីឈ្មោះ ជ័យ បន បានឱ្យដឹងបន្តទៀតថា ក្រោយពីឃើញមានប្រជាពលរដ្ឋទៅសុំទឹកមន្ត អណ្តើកជាហូរហែនោះ មានកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ឃុំព្រៃឃ្មុំបានទៅណែនាំ ព្រមទាំងស្តី បន្ទោសដល់ពួកគាត់ថា មិនដឹងទៅចាប់អណ្តើក មកពីណា រួចមកឃោសនាឱ្យគេឯងជឿ ដើម្បីយក ប្រាក់ ។ ពួកគាត់ព្រមទាំងប្រជាពលរដ្ឋអ្នកភូមិ ទាំងមូលមានការបដិសេធ គ្រប់ៗគ្នា ហើយអ្នកស្រុក ទាំងនោះថា បើប៉ូលិសយកសត្វអណ្តើករបស់គាត់ ទៅណា គឺពួកគាត់សុំតវ៉ាជាដាច់ខាត ។
ស្ត្រីម្ចាស់អណ្តើកបានបន្តទៀតថា “ខ្ញុំជា មនុស្សមិនសូវមានជំនឿខាងអរូបីទេ សូម្បីតែ អណ្តើកដែលវារមកផ្ទះខ្ញុំនេះ បងប្អូនអ្នកស្រុកគាត់ ឃើញអណ្តើកធំហើយមានចារអក្សរនៅស្នូកផង ពួកគាត់ចេះតែមានជំនឿ ព្រមទាំងយកផ្កាភ្ញី ដាក់ ទឹករួចស្រោចលើស្នូកអណ្តើកហើយយកទឹកនោះទៅប្រើប្រាស់ លាបដៃជើង ដែលពួកគាត់ឈឺជា យូរហើយផឹកថ្នាំមិនជា ពេលយកទឹកមន្តពីអណ្តើក នេះទៅឃើញជំងឺរបស់គាត់បានជាសះស្បើយបាត់ ឈឺ ទើបពួកគេចេះតែមានជំនឿតៗគ្នាទៅ” ។
លោក សៅ ម៉េង មេឃុំព្រៃឃ្មុំ ស្រុកទឹក ឈូ បានឱ្យដឹងថា រឿងប្រជាពលរដ្ឋមានជំនឿលើ សត្វអណ្តើក លោកពុំបានដឹងទេ ហើយកន្លងមក លោកក៏ពុំបានដឹងថាមានប្រជាពលរដ្ឋក្នុងឃុំរបស់ លោកមានអណ្តើកមកចូលផ្ទះផង ប៉ុន្តែបើសិនជា មានអណ្តើកហើយឮដូចប្រជាពលរដ្ឋនិយាយតៗគ្នា ថា អណ្តើកធំជិត ១០ គីឡូក្រាមនោះជាអណ្តើក ចម្លែកចេះ ព្យាបាលជំងឺអ៊ីចឹងមែន លោកក៏ជួយ ត្រេកអរដែរ ម៉្យាងបានព្យាបាលជំងឺដល់ប្រជាពល រដ្ឋបានសុខសប្បាយទាំងអស់គ្នា ប៉ុន្តែនេះជារឿង ដែលយើងពិបាកជឿណាស់ ៕
No comments:
Post a Comment