Friday, June 22, 2012

មូលហេតុនាំឱ្យកើតជំងឺទឹកនោមផ្អែម

Written by ភ្នំពេញដេលីញូវ
ទឹកនោមផ្អែមកើតមានមិនរើសមុខ ឡើយ ។ នរណា ក៏ដោយ កន្លែងណាក៏ដោយ អាយុប៉ុន្មានក៏ដោយ ក៏អាចកើត ជំងឺទឹកនោមផ្អែមដែរ ។ មនុស្សពេញវ័យ ជាច្រើនកើតជំងឺទឹក នោមផ្អែមជាច្រើនឆ្នាំហើយទើបដឹងថា ខ្លួនមានរោគសញ្ញាជំងឺ នេះ ។ មនុស្សច្រើនណាស់មានផលវិបាកបណ្តាលមកពីជំងឺនេះ ដូចជា ការខូចភ្នែក ការខូចតម្រងនោម ជំងឺបេះដូង និង ការ ខូចសរសៃប្រសាទ ។ នៅកន្លែងជាច្រើននៅក្នុងពិភពលោក មនុស្សមានជំងឺទឹកនោមផ្អែមជាច្រើនមិនបានធ្វើរោគវិនិច្ឆ័យទាល់តែសោះ ។
ការរកឃើញជំងឺទឹកនោមផ្អែមនៅដំណាក់ កាលដំបូងមានន័យថា វាអាចព្យាបាលបាន និង អាចកាត់បន្ថយ ហានិភ័យនៃការមានផលវិបាកធ្ងន់ធ្ងរយ៉ាងច្រើន ។ ទឹកនោម ផ្អែមជាជំងឺមួយដែលកើត ឡើងដោយសារបញ្ហាដែលទាក់ទងទៅនឹងការផលិត និង ផ្គត់ ផ្គង់អាំងស៊ុយលីននៅក្នុងខ្លួនមនុស្ស ។ អាហារភាគច្រើនបំផុតដែលយើងបរិភោគបាន ក្លាយទៅជាគ្លុយកូស ដែលជាជាតិស្ករមួយប្រភេទ ។ យើងប្រើគ្លុយកូស ជាប្រភពថាមពល ដើម្បីផ្តល់ថាមពលដល់សាច់ដុំ និង កោសិការបស់យើង ។ ខ្លួនរបស់យើងដឹកជញ្ជូនគ្លុយកូសទៅក្នុងចរន្តឈាម ។ ដើម្បីឱ្យសាច់ដុំរបស់យើង និង ជាលិកាដទៃទៀតស្រូបគ្លុយកូស ពីចរន្តឈាម យើងត្រូវការអ័រម៉ូនម៉្យាងហៅថា អាំងស៊ុយលីន ។ បើគ្មានអាំងស៊ុយលីន ទេ ខ្លួនរបស់យើងមិនអាចទទួលបានថាមពលដែលចាំបាច់ពីអាហាររបស់យើងឡើយ ។ អាំងស៊ុយលីនត្រូវបានផលិតដោយក្រពេញធំមួយនៅពីក្រោយក្រពះ គឺលំពែង ។ វាត្រូវ បញ្ចោញដោយកោសិកាឈ្មោះ ប៊ែតា ។ នៅពេលមនុស្សម្នាក់មានជំងឺទឹកនោមផ្អែម លំពែងមិនអាចផលិតជាតិអាំងស៊ុយលីនបានទេ ឬក៏ខ្លួនយើងមិនអាចប្រើអាំងស៊ុយលីន ឱ្យមានប្រសិទ្ធភាព ។ ដូច្នេះអ្នកកើតទឹកនោមផ្អែមមិនអាចប្រើគ្លុយកូសពីអាហារដែលពួក គេបរិភោគឱ្យបានគ្រប់គ្រាន់ឡើយ ។ ប្រការនេះធ្វើឱ្យជាតិគ្លុយកូសនៅក្នុងឈាមមានការ កើនឡើង ។ កម្រិតគ្លុយកូសនៅក្នុងឈាមខ្ពស់ ឬ កម្រិតជាតិស្ករនៅក្នុងឈាមខ្ពស់ហៅ ថា ជាតិស្ករនៅក្នុងឈាមខ្ពស់ ។ កម្រិតគ្លុយកូសនៅក្នុងឈាមខ្ពស់អាចនាំ ឱ្យមានផលវិបាក ធ្ងន់ធ្ងរ ។ នៅពេលបច្ចុប្បន្ននេះគ្មានឱសថណាអាចព្យាបាលជំងឺទឹកនោមផ្អែមឱ្យជាដាច់ នោះឡើយ ៕

No comments:

Post a Comment