Written by ភ្នំពេញដេលីញូវ
Tuesday, 12 June 2012 13:02
ថ្វីដ្បិតតែបច្ចុប្បន្នជាសម័យ វិទ្យាសាស្ត្រជឿនលឿន មនុស្សក៏មានការចេះដឹង កាន់តែច្រើន ក៏ពិតមែន ក៏ប៉ុន្តែជំនឿលើ អាគមឧមអាមនៅតែដក់ ជាប់យ៉ាងមុតមាំក្នុងអារម្មណ៍ របស់ មនុស្សយើងមិនដាច់ដែរ ហើយអ្នកខ្លះជឿទៅលើវត្ថុស័ក្តិសិទ្ធិផ្សេងៗឯអ្នកខ្លះជឿទៅលើ ទសបារមីអ្នកមានបុណ្យឫទ្ធិចេស្តាចូលសណ្ឋិតលើ រូបកាយ ។ ស្របនឹងជំនឿមិនដាច់នេះហើយ ស្ត្រី ម្នាក់វ័យ ៣៣ ឆ្នាំ ធ្លាប់តែជាមនុស្សមិនចេះអក្សរ ហើយក្រលំបាកនោះ ដល់ពេលមានបារមី លោកតា ខ្មៅ ចូលសណ្ឋិតស្រាប់តែចេះនិយាយភាសាបាលី ចេះមន្តអាគមឧមអាម ស្តោះផ្លុំព្យាបាលជំងឺគ្រប់មុខបានយ៉ាងពូកែស័ក្តិសិទ្ធិ រហូតធ្វើឱ្យអ្នកជំងឺ ជឿជាក់យ៉ាងខ្លាំង ។
ជារៀងរាល់ថ្ងៃគេឃើញមនុស្សប្រុស ស្រីក្មេងចាស់ចេញចូលមិនដាច់ ជាពិសេសនៅ ថ្ងៃសីល នៅផ្ទះគ្រូ ស្រីវ័យក្មេងបារមីលោកតា ខ្មៅ ចូលសណ្ឋិត និង បារមី ៣០ អង្គផ្សេងទៀតឈ្មោះ ស្រី ពុំ អាយុ ៣៣ ឆ្នាំ ស្ថិត ក្នុងភូមិស្វាយរលំ ឃុំលេខ ២ ស្រុកស្អាង ខេត្តកណ្តាល ។ អ្នក ដែលចេញចូលនោះសុទ្ធសឹងតែអ្នកជំងឺ និង អ្នក ជួបផលលំបាក បញ្ហាវិបត្តិក្នុងខ្លួនមករកលោកគ្រូជួយ ។ នៅមុខទីអាសានៈគ្រឿងសក្ការៈធូបទៀន ធំៗ កំពុងតែអង្គុយលើកដៃ សំពះឱ្យទសបារមីចូល សណ្ឋិតដើម្បីទស្សន៍ទាយ ព្យាបាលអ្នកជំងឺ និង អ្នកមកពឹងពរឱ្យជួយរកស៊ីព្រោងព្រាតនោះ លោក គ្រូស្រី បានឈប់សម្រាកបន្តិច ងាកមករៀបរាប់ ប្រាប់ពីមូលហេតុដែលចេះព្យាបាលជំងឺថា កាល ពីដំបូងឡើយ គាត់ជាស្ត្រីមេម៉ាយកូនបីនាក់ ហើយ ពុំចេះអក្សរទេ រីឯជីវភាពវិញក៏ខ្សត់ខ្សោយស្ទើរ រកអង្ករច្រកឆ្នាំងមិនបានផង លុះនៅថ្ងៃមួយគាត់ ចេះតែព្រឺក្បាល ដងខ្លួនខ្ញាកៗ មិនបាត់សោះ ហើយ ស្រាប់តែប្លែកចេះនិយាយភាសាបាលី ធ្វើឱ្យគេ ឆ្ងល់គ្រប់ៗគ្នា ហើយនិយាយថា លោកតា ខ្មៅ ចូលសណ្ឋិត ព្រោះតែគាត់ជាមនុស្សមានបុណ្យ ពីអតីតជាតិ លុះក្រោយមកគាត់ក៏ចេះមើលជំងឺ តាំងពីពេលនោះមក បើគិតមកដល់សព្វថ្ងៃនេះ ជិតដប់ឆ្នាំហើយ ។
គ្រូបារមីសណ្ឋិតបន្តថា បើលោកតាបារមី មិនចូលសណ្ឋិតទេ គាត់មិនចេះភាសាបាលីទេ ហើយក៏ពុំចេះ ព្យាបាលជំងឺដោយប្រើមន្តអាគម ឧមអាមដែរ ដោយសារបារមីនេះហើយអាចជួយ ស្រោចស្រង់ជីវិតមនុស្សជាច្រើន នាក់រហូតដល់ ប្រទេសក្រៅទៀតផង មានទាំងអ្នកតូច អ្នកធំ អ្នករកស៊ីបានកាក់កបគេជួយសង់ផ្ទះថ្មឱ្យគាត់ថែម ទៀតផង ។ ជំងឺដែលគាត់ចេះព្យាបាល ១០០ មុខ ចេះស្រោចទឹក ដាក់ស្នេហ៍ ធ្វើខ្សែឱ្យរកស៊ីមាន បានទៀតផង ៘
ក្នុងក្តីរីករាយ ព្រោះជំងឺបានធូរស្រាលច្រើន លោកយាយ ណុក អាយុ ៦៩ ឆ្នាំ រស់នៅស្រុក ស្អាងដែរនោះ បានរៀបរាប់ឱ្យដឹងថា គាត់មិន ដែលមកពឹងពរឱ្យលោកតាគ្រូមើលទេ គឺឮតែគេ ល្បីតៗគ្នាថា លោកគ្រូពូកែស័ក្តិសិទ្ធិអាចមើល ជំងឺបាន ១០០ មុខ ដូចជា ដោះអំពើ ត្រូវស្នេហ៍ គេ ខុសខ្មោចព្រាយបិសាច ខ្មោចដូនតាប្រកាន់ (ខុសខ្មោចជីដូនជីតា) ជំងឺទាចទឹក ទឹកនោមផ្អែម ខ្លន ជាដើម ទើបលោកយាយមកឱ្យលោកតាជួយ មើលភ្នែកឱ្យ ព្រោះគាត់ចេះតែហៀរទឹកភ្នែក ហើមស្រវាំង ហើយពេទ្យថា គាត់ខូចកញ្ចក់កែវ ភ្នែក លុះដល់មកជួបលោកតាផ្លុំឱ្យតែបីថ្ងៃ និង ស្រោចទឹកផង ឥឡូវមិនបារម្ភខ្លាចមើលមុខកូនចៅ លែងឃើញដូចមុនទៀតទេ ។
ចំណែកឯអ្នកស្រី សារិន វិញ បានឱ្យដឹង ថា ដើមឡើយប្តីគាត់មានស្រីនៅក្រៅផ្ទះ មួយថ្ងៃៗ ចេះតែ ទទូចរំអុកសុំគាត់លែងលះ ។ លុះដល់ពេល គាត់បានពឹងពាក់តា ខ្មៅ ឱ្យជួយ ប្តីរបស់គាត់ក៏ លែងពោលពាក្យចែកផ្លូវគ្នាជាមួយគាត់ទៀតហើយ បែរជាមានចិត្តអាណិតស្រឡាញ្ញ់ប្រពន្ធកូនឡើងវិញ ។ លើសពីនេះពេលណាគាត់មានរាសីដាក់ គាត់តែងឱ្យលោកតា ខ្មៅ ជួយស្រោចទឹករំដោះ គ្រោះ និង លើករាសីតាមទូរស័ព្ទ ។ អ្នកស្រី បញ្ជាក់ថា “សូម្បីតែខ្ញុំរកស៊ីមិនសូវកាក់កបក៏លោក តាអាចជួយឱ្យមានភ្ញៀវឡើងវិញបានដែរ” ។
បងស្រី នៅ ស៊ីមឿន រស់នៅស្រុកស្អាង និង លោក វឿន សាន អាយុ ៤៥ ឆ្នាំ រស់នៅ តាកែវបាន ប្រាប់ឱ្យដឹងថា អ្នកមកពឹងពររកលោក តា ខ្មៅ ឱ្យជួយមានច្រើនប្រភេទណាស់តាំងពី ខ្មោចចូល ពស់ចឹក ហើមពោះ (ត្រូវអំពើគេ) ថ្លោះ គ្រេច អ្នកធ្វើការ អ្នករកស៊ី អ្នកលក់ដី មនុស្ស ខ្វិន និង គជាច្រើនឆ្នាំក៏អាចនិយាយរួចដែរ ។
អ្នកស្នងរូបលោកតា ខ្មៅ គឺអ្នកមីង ស្រី ពុំ អាយុ ៣៣ ឆ្នាំ បានប្រាប់ឱ្យដឹងថា មិនបានរៀន សូត្រ រៀនទស្សន៍ទាយនោះទេ សូម្បីតែអក្សរខ្មែរ ក៏មើលស្ទើរតែមិនរួចផង កុំថាឡើយភាសាបាលី ។
ទោះបីជាមានអ្នកមានជំនឿច្រើនក៏ដោយ ក៏មានមនុស្សមួយចំនួនបានរិះគន់ ពិសេសអ្នក ដែលរស់ នៅក្បែរៗនោះថា គឺជាការរកលាភ សក្ការៈ ហើយអ្នកភូមិមិនមានជំនឿទេ ៕
No comments:
Post a Comment