Written by ភ្នំពេញដេលីញូវ
តាបសម្នាក់ស្លៀកពាក់ស ពុកចង្កាស្រមូម កំពុងតាំងធម៌ និង ប្រោះព្រំ សត្វលោក អះអាងថា មានបារមីឥសីស័ក្តិ ចូលសណ្ឋិត ។ តាបសរូបនេះបានខ្សឹបប្រាប់ថា គាត់ជា ខ្សែលោហិតរាជវង្ស ។
តាបសអង្គនេះមានព្រះនាមថា ណុប សារឿន ព្រះជន្ម ៦១ ឆ្នាំ កាន់បារមីឥសីស័ក្តិ សព្វថ្ងៃគង់នៅអាស្រម ភ្នំស្រះទន្ទឹម ភូមិត្រពាំងក្រឡាញ់ ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ ។
ឆ្លៀតពេលពីការទស្សន៍ទាយឱ្យភ្ញៀវ តាបសអង្គនេះបានរៀបរាប់ជីវប្រវត្តិខ្លួនថា “អាត្មាកម្សត់ លំបាកវេទនាណាស់ តស៊ូដើររស់នៅគ្រប់ទីកន្លែង ឃ្លាតឆ្ងាយពីស្រុកកំណើត និង ឪពុកម្តាយ តាំងពីរបប ប៉ុល ពត មកម៉្លេះ ។ តាមពិតអាត្មាកើតនៅចម្ការអណ្តូង ស្រុកចម្ការលើ ខេត្តកំពង់ ចាម ហើយមករស់នៅកន្លែងនេះគឺជាស្រុកខាងប្រពន្ធ ។ ក្រោយពីសាងផ្នួសជាតាបសមក អាត្មា បានលះបង់កិលេស តណ្ហាអស់ហើយ គិតតែពីប្រឹងប្រតិបត្តិព្រះធម៌ ទន្ទឹមនឹងនោះអាត្មាប្រោះព្រំ សត្វលោកទៀតផង ។ សព្វថ្ងៃមានអ្នកមកទស្សន៍ទាយ ជោគជតារាសី និង ព្យាបាលជំងឺចេញចូល មិនដែលខាន ។ មន្តវិជ្ជាការទាំងប៉ុន្មានអាត្មាចេះតាំងពីអាយុបាន ១៣ ឆ្នាំ គ្មានគ្រូណា បង្រៀន ឡើយ គឺបារមីឥសី ស័ក្តិ ចូលសណ្ឋិត ។
តាបស ណុប សារឿន បន្តថា “មុនមានបារមីមកកាន់ អាត្មាធ្លាក់ខ្លួនមានជំងឺឈឺជាទម្ងន់ រហូតសន្លប់ ៦ ខែ ប៉ុន្តែមិនសន្លប់រហូតទេ ។ ក្នុងមួយថ្ងៃជាប្រចាំដឹងខ្លួនម្តង ក្រោយពីនិយាយ ទៅរកគេបាន ៧ ម៉ាត់ ត្រូវសន្លប់ទៅវិញ ។ ជាងនេះទៀត តែងតែអត់បាយក្រហាយទឹក រូបកាយ ស្គាំងស្គមដូចព្រះធ្វើទុក្ករកិរិយា គ្រាន់តែរស់ដោយសារគេ យកក្រណាត់ជ្រលក់ទឹកបបរជូតសព្វខ្លួន ប្រាណប៉ុណ្ណោះ” ។ តាបសរៀបរាប់ថា “ពេលសន្លប់ព្រលឹងអាត្មា បានទៅដល់ឋានតាវតិង្សចំនួន បីខែ និង ចុះទៅឋាននរកចំនួនបីខែទៀត ។ ថ្លែងពីភពនរក គេបង្ហាញឱ្យឃើញពីទារុណកម្ម ចំពោះអ្នកសម្លាប់ត្រី ជ្រូក មាន់ ទា ដូចជាត្រូវយមបាលចាប់អ្នកទោសចងព្យួរក្បាលទៅក្រោម ជ្រលក់ទឹកក្តៅ កាត់ក ពន្លះសាច់ ជាដើម ឃើញហើយគួរឱ្យញាក់សាច់ ។ ចំណែកព្រលឹងអាត្មា សំណាងល្អត្រូវស្តេចយមរាជឱ្យរស់ឡើងវិញ ហើយប្រាប់ឱ្យទៅបួសធ្វើធុតង្គក្នុងព្រៃដើម្បីរំដោះ កម្មទើបមានអាយុវែង” ។
តាបស ណុប សារឿន បន្តទៀតថា “ក្រោយពីដឹងខ្លួនវិញ អាត្មាក៏សាងផ្នួសជាព្រះសង្ឃ ចេញធ្វើធុតង្គ នៅក្នុងព្រៃតាមពាក្យយមរាជប្រាប់ ។ អាត្មាបួសបានចំនួន ១៣ វស្សា ក៏លាចាក សិក្ខាបទមកជាគ្រសហ្ថវិញ មានប្រពន្ធ និង កូនដូចគេឯងអ៊ីចឹង ។ ក្រោយពីអាត្មាចាកសិក្ខាបទហើយត្រូវគេឱ្យធ្វើជាអាចារ្យវត្តអង្គតាសោម បាន ៩ ឆ្នាំ រួចក៏លាប្រពន្ធកូនបួសស្លៀកពាក់ សធ្វើជាតាបសគង់នៅព្រៃភ្នំស្រះទន្ទឹម រហូត មកដល់សព្វថ្ងៃបានចំនួន ១១ ឆ្នាំហើយ” ។
តាបស ណុប សារឿន បានប្រាប់អ្នក យកព័ត៌មានថា “ម្តាយបង្កើតរបស់អាត្មា គឺព្រះ នាង ឧតីតូ សារាវី ត្រូវជាបុត្រីព្រះអង្គម្ចាស់ ពញ្ញា តូ ។ ចំណែកឪពុកអាត្មាឈ្មោះ មិន សា មាន ឬ មិន សារាវន្ត ត្រូវជាបងប្រុសរបស់ លោករដ្ឋមន្ត្រីក្រសួង ធម្មការ និង សាសនា ។ ចំណែកអាត្មាផ្ទាល់ត្រូវជាចៅព្រះអង្គម្ចាស់ពញ្ញា តូ និង ត្រូវជាក្មួយរដ្ឋមន្ត្រី ប៉ុន្តែអាត្មា និង រដ្ឋ មន្ត្រីមិនដែល បានជួបគ្នាទេ ។
សព្វថ្ងៃតាបស ណុប សារឿន គង់នៅ ក្នុងព្រៃភ្នំ តែមិនខ្វះមនុស្សម្នាជិតឆ្ងាយចេញចូល មករកឡើយ ។ លោកតាបសអាចចេះទស្សន៍ទាយ មើលរាសី និង ព្យាបាលជំងឺគ្រប់ប្រភេទ ទៅតាមនិស្ស័យ ។ លោកតាមានប្រសាសន៍ថា ចំពោះអ្នកជំងឺការព្យាបាលជំងឺគឺប្រើថ្នាំផ្សំពីរុក្ខ-ជាតិ រួមផ្សំនឹងការស្រោចទឹក មានអ្នកជំងឺត្រូវ អំពើគេ និង ឆ្កួត ជាដើម ។
ចំណែកអ្នកមីង ភួង ចំរើន ត្រូវជាភរិយា តាបស ណុប សារឿន មានប្រសាសន៍ឱ្យដឹង ថា “លោកតាបួសកាន់វិន័យដូចព្រះសង្ឃដែរ កាលមុនមិនហូបបាយល្ងាចឡើយ ទើបតែឥឡូវ នេះសុខភាពគាត់ខ្សោយ បារមីឥសីស័ក្តិអនុញ្ញាត ឱ្យគាត់ហូបបាយពេលល្ងាចវិញបាន ប៉ុន្តែចំពោះ ថ្ងៃសីលវិញ ហាមមិនឱ្យហូបបាយ ពេលល្ងាចជា ដាច់ខាត ។ មួយទៀតអ្វីដែលលោកតានិយាយគឺ ជារឿងពិតឥតភូតកុហកឡើយ គាត់ជាប់ខ្សែ ស្តេចមែន ។ ម្តាយរបស់លោកតាឈ្មោះ អ្នក ម្នាង ឧតីតូ សារាវី ប៉ុន្តែទ្រង់សុគតនៅក្នុងរបប ប៉ុល ពត នៅតែឪពុកឈ្មោះ មិន សាមាន ។ ឥឡូវនេះឪពុកលោកតារស់នៅប្រទេសបារាំង ដោយបែកពីលោកតានៅពេលឆ្នាំរំដោះ ។ កាលពី ដប់ឆ្នាំមុនបានទទួលដំណឹងថា គាត់មកពីស្រុក បារាំង ដើម្បីស្វែងរកលោកតាដែរ ប៉ុន្តែរកមិន ឃើញ ដោយមានគេកុហកថាលោកតាស្លាប់បាត់ ទៅហើយ ហើយគាត់ក៏វិលត្រឡប់ទៅប្រទេស បារាំងវិញ” ។
អ្នកមីង ភួង ចំរើន បញ្ជាក់ថា “កាលពីជំនាន់ សង្គមរាស្ត្រនិយម ឪពុកលោកតាពាក់ស័ក្តិបីកង ការពារព្រះបរមរាជវាំងដែលមានសម្តេចនរោត្តម សីហនុ ជាប្រមុខរដ្ឋ” ។ ក្រៅពីទស្សន៍ទាយ និង ព្យាបាល ជំងឺឱ្យគេនៅក្នុងអាស្រម អ្នកមីង ភួង ចំរើន ឱ្យដឹងទៀតថា “លោកតាក៏ត្រូវគេអញ្ជើញ ទៅរៀបអាសនៈបាយសីឱ្យគេគ្រប់កន្លែងដែរ” ។
អ្នកមីង អូ ឡា នៅភូមិទួលខ្លុង បានមកឱ្យ តាបសជួយទស្សន៍ទាយ និង ធ្វើស្នេហ៍រកស៊ីលក់ ដូរមាន ប្រសាសន៍ឱ្យដឹងដែរថា លោកតាជាមនុស្ស ម្នាក់គួរឱ្យចាប់អារម្មណ៍ ព្រោះតែគាត់ស្លៀកពាក់ ស ពាក់អង្កាំ មានដុះពុកចង្កាប្រៀប ដូចម្ចាស់ទឹក ម្ចាស់ដីក្នុងរឿងភាគបុរាណចិន ។ លោកតាមាន គេគោរព និង ជឿជាក់ខ្លាំងណាស់ ពុំមាននរណា ហ៊ានប្រមាថកាតទានគាត់បានឡើយ ជាពិសេស ឫទ្ធីបារមីរបស់គាត់ខ្លាំងពូកែ ទស្សន៍ទាយក៏ត្រូវ ព្យាបាល ជំងឺគេក៏ឆាប់ជា ហើយតែងមានមនុស្សមក ពឹងពាក់លោករាល់ថ្ងៃ ។
លោកយាយ អ៊ុន សែ មានប្រសាសន៍ឱ្យ ដឹងថា គាត់ឈឺជើងម្ខាងហើមពកសរសៃដើរស្ទើរ មិនរួច លេប ថ្នាំពេទ្យក៏មិនបាត់ លុះមកចូលព្រៃភ្នំ សុំឱ្យលោកតាជួយស្តោះផ្លុំ ឥឡូវនេះបានជាសះ ស្បើយមិនឈឺដូចមុនទៀតឡើយ ៕
No comments:
Post a Comment